ថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
ទោះបីជាកុមារប្រឈមនឹងហានិភ័យសុខភាពពីជំងឺកូវីដ១៩ តិចជាងមនុស្សពេញវ័យ​ក៏​ដោយ ក៏មានរបាយការណ៍សកលមួយចំនួនបានបង្ហាញថា
Fri,19 March 2021 (Time 10:39 AM)
ដោយ ៖ Owner (ចំនួនអ្នកអាន: 40នាក់)

ទោះបីជាកុមារប្រឈមនឹងហានិភ័យសុខភាពពីជំងឺកូវីដ១៩ តិចជាងមនុស្សពេញវ័យ​ក៏​ដោយ ក៏មានរបាយការណ៍សកលមួយចំនួនបានបង្ហាញថា កុមារអាចនឹងមាន​ហានិភ័យ​ខ្ពស់ក្នុងការទទួលរងនូវអំពើហិង្សាដែលបណ្ដាលមកពីជំងឺរាតត្បាតនេះ។ ការរឹត​ត្បិតលើ​ការធ្វើដំណើរ ការបាត់បង់ប្រាក់ចំណូល ភាពឯកោ កន្លែងរស់នៅចង្អៀត និង​កម្រិតខ្ពស់​នៃភាពតានតឹង និងជំងឺថប់បារម្ភធ្វើឱ្យមានការកើនឡើងនូវលទ្ធភាពដែលកុមារ អាចជួប​ប្រទះ និងទទួលរងការរំលោភបំពានលើរាងកាយ និងផ្លូវចិត្តនៅផ្ទះ។ ជាការឆ្លើយ​តបទៅ​នឹង​បញ្ហាទាំងនេះ រដ្ឋាភិបាល​ជប៉ុន​និងអង្គការ ​យូនីសេហ្វ កំពុងចាប់ផ្តើមគម្រោងថ្មី​មួយ​ឈ្មោះ​ថា ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារនៅកម្ពុជា ក្នុងអំឡុងពេល នៃការ​រាតត្បាតជាសកលនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ ។ ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន ៣៤០ ០០០ ០០០ យេន ប្រមាណ​ជា ៣ ០៩០ ៩០៩ ដុល្លារអាម៉េរិក ដល់យូនីសេហ្វសម្រាប់គម្រោងនេះ។ ការ​ផ្ដល់ថវិកានេះ ក្នុងគោល​បំណងរបស់គម្រោងគឺដើម្បីធានាថាកុមារា និងកុមារី នៅកម្ពុជា​ទទួល​បានការការពារពីអំពើហិង្សា ការកេងប្រវ័ញ្ចនិងការរំលោភបំពានក្នុងអំឡុងពេល​រាត​ត្បាត​នៃជំងឺកូវីដ១៩និងការស្តារឡើងវិញ ដើម្បីពង្រឹងសន្តិសុខមនុស្សជាតិ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ។ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ថា សេវាកម្មកិច្ចការពារកុមារមួយចំនួន​បាន​ប្រឈមនឹងការរំខានក្នុងអំឡុងពេលមានជំងឺរាតត្បាតដូច្នេះគម្រោងនេះមានគោលបំណងធានានូវការស្តារនិងការបន្តសេវាកម្មកិច្ចការពារទាំងនេះឡើងវិញ។ គម្រោងនេះ​ នឹង​បង្កើត​នូវយុទ្ធសាស្រ្តនិងការអន្តរាគមន៍ដែលមានស្រាប់ដើម្បីពង្រឹងសេវាកម្មកិច្ចការពារ​កុមារ​ដែលងាយរងគ្រោះខ្លាំង​និងក្រុមគ្រួសាររបស់ពួកគេនៅទូទាំងប្រទេសកម្ពុជាក្នុង​អំឡុង​ពេល​រាតត្បាតនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ។ ទន្ទឹមនេះ គម្រោងក៏នឹង​គាំទ្រ​រាជរដ្ឋាភិ​បាលកម្ពុជាក្នុងការបង្កើត និងអនុវត្តន៍ក្របខ័ណ្ឌស្ថាប័ន និងក្របខ័ណ្ឌគតិយុត្ត ដើម្បីលើកឡើងពីកត្តាហានិភ័យនានាដែលអាចកើតមានឡើងដោយសារជំងឺ​​កូវីដ១៩ ទៅ​ លើកិច្ចការពារកុមារ។ ក្រៅពីនេះ គម្រោងនេះក៏នឹងគាំទ្រដល់លោកគ្រូអ្នកគ្រូ បុគ្គលិក​សិក្សា ឪពុកម្តាយ និងអ្នកមើលថែទាំក្នុងការរៀនពីវិធីថ្មីៗដើម្បីបង្កើនចំណេះដឹង​ឥរិយាបថ​និងការអនុវត្តរបស់ពួកគេដើម្បី​ទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ។ ក្នុងសេចក្ដីប្រកាសបានលើកឡើងដែរថា អ្វីដែលសំខាន់បំផុតនោះគឺគម្រោងនេះ​នឹងធានាថាកុមារងាយរងគ្រោះអាចទទួលបាន​សេវាកម្ម​ការពារប្រកបដោយគុណភាព​រួម​មាន​ការគ្រប់គ្រងករណី ការគាំទ្រសុខភាពផ្លូវចិត្តនិងការគាំទ្រផ្នែកចិត្តសាស្ត្រ​ និងសង្គម ជំនួយផ្នែកច្បាប់និងសេវាសុខភាព។ លើសពីនេះទៀត ខ្សែបណ្តាញ​ជំនួយ​ និងលេខ​ទំនាក់​ទំនងទាន់ហេតុការណ៍ នឹងត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវ​បណ្តាញ​សុវត្ថិភាព​ដែលមានភាពងាយស្រួលទាក់ទងសម្រាប់កុមារនិងមនុស្សពេញវ័យដើម្បីរាយការណ៍អំពីអំពើហិង្សារួមទាំងការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាន។ ក្រៅពីនេះ សុវត្ថិភាព​របស់កុមារតាម​ប្រព័ន្ធអ៊ិនធើណេតនឹងត្រូវបានលើកកម្ពស់តាមរយៈការពង្រឹងភាពជាដៃគូ​ជាមួយឧស្សាហកម្មព័ត៌មាននិងបច្ចេកវិទ្យា (ICT) និងការលើកកម្ពស់ការយល់ដឹង​និង​សកម្ម​ភាពអប់រំសម្រាប់កុមារនិងអ្នកថែទាំ។ ចំពោះការគ្រប់គ្រងទិន្នន័យ​និងការបង្កើត​ភស្តុតាងនឹងត្រូវបានពង្រឹងតាមរយៈការធ្វើឱ្យប្រសើរឡើងនូវរបាយការណ៍និងគុណភាពនៃទិន្នន័យដែលទាក់ទងនឹងអំពើហិង្សាលើកុមារ ។ តែទោះបីយ៉ាងណាក៏ដោយ សម្រាប់គោលដៅចុងក្រោយនោះគឺការ​គាំទ្ររាជរដ្ឋាភិ​បាលកម្ពុជាក្នុងការបង្កើតប្រព័ន្ធការពារកុមារដែលមានការសម្របសម្រួលសមស្របនិងប្រកបដោយចីរភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបង្កឡើងកាន់តែខ្លាំងដោយសារជំងឺកូវីដ១៩ ក្រោមកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល (CSOs) និងដៃគូពាក់ព័ន្ធដទៃទៀត ។ លោកស្រី ហ្វ័រូហ្គ​​ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា រាល់ទម្រង់នៃអំពើហិង្សាដែលកុមារបានជួបប្រទះអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ និងពេញមួយជីវិត ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំងដែលពួកគេអាចមាន​ហានិ​ភ័យ​ខ្ពស់ក្នុងការទទួលរងនូវអំពើហិង្សានិងការរំលោភបំពានក្នុងអំឡុងពេលដ៏លំបាកនៃ​ជំងឺរាតត្បាតកូវីដ១៩ ។ លោកស្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន​ដែលបាន​ចូលរួមចំណែកយ៉ាងសំខាន់និងទាន់ពេលវេលា ។ លោកស្រីបានបន្ថែមថា គម្រោងនេះមានគោលបំណងពង្រឹងប្រព័ន្ធ​និងសេវាកម្ម​កិច្ចការពារកុមារនិងចូលរួមចំណែកសម្រេចឱ្យបាននូវសិទ្ធិលូតលាស់របស់កុមារកម្ពុជានៅក្នុងបរិស្ថានប្រកបដោយសុវត្ថិភាពនិងកិច្ចការពារ ។ ឯកឧត្តម មិកាមិ​​ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុន​ប្រចាំកម្ពុជាបានគូសបញ្ជាក់ថា អំពើហិង្សាក្នុងវ័យកុមារភាព​​ អាចបង្កគ្រោះថ្នាក់ជាច្រើន​ដល់​កុមារ​ និងពេញមួយជីវិតរបស់ពួកគេ ហើយការទទួលរងគ្រោះនូវអំពើហិង្សានៅ​វ័យ​កុមារភាព ជារឿយ​ៗ​នាំឱ្យមានផលអវិជ្ជមានខាងអាកប្បកិរិយាផ្លូវចិត្ត​និងរាងកាយនៅ​ក្នុង​វ័យជំទង់និងពេញវ័យដែលជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងថា​ អង្គការយូនីសេហ្វមានសកម្មភាពនៅកម្ពុជា​ចាប់តាំងពីឆ្នាំ ១៩៥២ និងមានបទពិសោធន៍លេចធ្លោរក្នុងការធ្វើការដើម្បី​បញ្ចប់អំពើ​ហិង្សា​លើកុមារ។ ឯកឧត្ដមបានអះអាងថា នេះជាមូលហេតុដែល​រដ្ឋាភិបាល​ជប៉ុន​ចាត់ទុក​យូនីសេហ្វជាដៃគូដែលគួរឱ្យទុកចិត្តបំផុតដើម្បីសម្រេចគោលដៅនេះ ។ ឯកឧត្ដមឯកអគ្គរាជទូតបានថ្លែងបញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន​និងយូនីសេហ្វប្តេជ្ញា​ចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ចប់អំពើហិង្សាលើកុមារហើយនឹងបន្តរហូតដល់យើងបានជួយបង្កើតពិភពលោកមួយដែលគ្មានកុមារណាម្នាក់ត្រូវបានទុកចោល។ យើងនឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បី​ជួយស្តារ​ប្រទេស​​ឡើងវិញពីជំងឺកូវីដ ១៩ ។ សូមអរគុណ!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
72 នាក់
ម្សិលមិញ :
109 នាក់
សប្តាហ៍នេះ :
871 នាក់
ខែនេះ :
3074 នាក់
3 ខែនេះ :
8221 នាក់
សរុប :
156416 នាក់